គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កិច្ចសម្ភាសន៍

កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២

ក្រុមហ៊ុនខនហ្វីរេលទើបតែបង្កើតវេបសាយ E -commerce (អាជីវកម្មតាមអនឡាញ)ថ្មីមួយនៅប្រទេសបារាំង។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងជាច្រើនខែមកហើយដោយលោក Jean-Camillo Vargas អ្នកគ្រប់គ្រងការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលសហគ្រាសនៅប្រទេសបារាំង និងនៅអឺរ៉ុប។ វេបសាយថ្មីនេះជាឱកាសមួយសម្រាប់ក្រុមហ៊ុនខនហ្វីរេលក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអតិថិជននៅប្រទេសបារាំង និងនៅអឺរ៉ុប។ តំណាក់កាលថ្មីក្នុងការអភិវឌ្ឍន៍ខ្លួននៅលើឆាកអន្តរជាតិនេះគឺជាការបោះជំហានមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនខនហ្វីរេលដែលមានបំណងបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទឹកដីអឺរ៉ុប ជាមួយនឹងទំនួលខុសត្រូវលើបរិស្ថាន និងការលើកកម្ពស់ផលិតផលខ្មែរ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍ជាមួយលោក Jean-Camillo Vargas។

 លោកអាចពន្យល់លម្អិតបានទេពីការបើកឲ្យដំណើរការវេបសាយមួយនេះ?

ចាប់តាំងពីខែនេះទៅ​ អតិថិជននៅប្រទេសបារាំងអាចរកទិញផលិតផលខ្មែរបាននៅលើគេហទំព័រ www.confirel.fr ។ តាមរយៈវេបសាយនេះ ប្រជាជនបារាំងជាច្រើនដែលចាប់អារម្មណ៍លើផលិតផលដែលមានទំនួលខុសត្រូវលើបរិស្ថាន ផលិតផលប្លែកៗ និងជាផលិតផលសរីរាង្គ អាចភ្លក់រសជាតិខ្មែរពិតៗតាមរយៈផលិតផលខ្មែរពីរប្រភេទដែលទទួលបានស្លាកសញ្ញា IGP ទទួលស្គាល់ដោយសហគមន៍អឺរ៉ុប។ នោះគឺផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ដែលមានដូចជា ម្រេចកំពតម៉ាក Kirum ស្ករត្នោតម៉ាកThnot ទឹកជ្រលក់ម្រេចកំពត និងតែកញ្ចុំផ្កាម្រេចម៉ាក Kirum ស្ករគ្រាប់ និងដំណាប់ផ្សេងៗទៀត។ល។ និង។ល។

ដើម្បីឲ្យអតិថិជននៅប្រទសបារាំងអាចស្គាល់រសជាតិផលិតផលរបស់យើងបាន យើងបានជ្រើសរើសក្រុមហ៊ុន E-logistique Byrd ធ្វើជាដៃគូសហការ ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក E -commerce នៅអឺរ៉ុប។ E -logistique Byrd ធានាឲ្យមានប្រព័ន្ធដឹកជញ្ជូន និងគ្រប់គ្រងទំនិញជាស្វ័យប្រវត្តិ និងធានាការផ្ញើទំនិញទៅអតិថិជនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពី២ទៅ៣ថ្ងៃនៅគ្រប់តំបន់នៃប្រទេសបារាំង និងនៅអឺរ៉ុប ជាមួយនឹងបរិមាណទំនិញដ៏ច្រើន។ ក្រុមហ៊ុនក៏នឹងផ្តល់សក្កានុពលដល់យើងក្នុងការពង្រីកអាជីវកម្មនៅអឺរ៉ុបផងដែរ តាមរយៈមណ្ឌលដឹកជញ្ជូនចំនួន២៥កន្លែងនៅប្រទេសអូទ្រីស អាល្លឺម៉ង់ អង់គ្លេស ហូឡង់ អ៊ីតាលី និងបារាំង។

តើអ្វីខ្លះជាបញ្ហាប្រឈមសម្រាប់ការពង្រីកទីផ្សារនៅអឺរ៉ុបនេះ?

តំណាក់កាលថ្មីនេះក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនខនហ្វីរេលនៅលើឆាកអន្តរជាតិ គឺកើតចេញពីឆន្ទៈរបស់ស្ថាបនិកក្រុមហ៊ុន គឺលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលចង់ឃើញកេរ្តិ៍ឈ្មោះកម្ពុជាល្បីសុះសាយនៅលើពិភពលោកតាមរយៈផលិតផលជនបទខ្មែរដ៏ល្អដាច់គេ និងចង់ចូលរួមបង្កើនប្រាក់ចំណូលកសិករខ្មែរ។ ជាយូរមកហើយ យើងបានបង្ហាញវត្តមានផលិតផលរបស់យើងតាមរយៈ B2B មានន័យថា លក់បោះដុំទៅឲ្យក្រុមហ៊ុនចែកចាយដទៃទៀត ឬលក់ឲ្យអ្នកយកទៅលក់រាយបន្ត។ បច្ចុប្បន្ន ប្រព័ន្ធឌីជីថលអាចឲ្យយើងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកប្រើប្រាស់ ដែលអាចធ្វើឲ្យកំណើនអត្រានៃការលក់ផ្លាស់ប្តូរ។ វេបសាយ www.confirel.fr របស់យើងនឹងអាចឲ្យយើងយល់កាន់តែច្បាស់ពីឥរិយាបថក្នុងការទិញរបស់អ្នកប្រើប្រាស់ជនជាតិបារាំង និងអឺរ៉ុប និងជួយយើងក្នុងការផ្តល់ផលិតផលដែលឆ្លើយតបទៅនឹងឥរិយាបថនោះ។

លោកអាចសង្ខេបប្រាប់យើងបានទេពីខ្លឹមសារនៅក្នុងវេបសាយនេះ? ការដាក់ឲ្យដំណើរការវេបសាយនេះគឺជាតំណាក់មួយដែលយើងចង់ឆ្លងកាត់តាំងពីយូរមកហើយ ព្រោះថាគ្មានអ្នកណាផ្សេងក្រៅពីយើងខ្លួនយើងទេដែលអាចណែនាំផលិតផលរបស់យើងប្រាប់ទៅដល់អតិថិជននៅអឺរ៉ុប ហើយក៏គ្មានអ្នកណាផ្សេងក្រៅពីយើងដែរដែលអាចពន្យល់ប្រាប់ពីតម្លៃនៃផលិតផលទាំងអស់នោះបាន។ ខនហ្វីរេលគឺជាក្រុមហ៊ុនខ្មែរដែលមានទំនួលខុសត្រូវលើបរិស្ថាន ជាក្រុមហ៊ុនដែលមានមោទកភាពចំពោះទឹកដីរបស់ខ្លួន និងជាក្រុមហ៊ុនដែលគិតគូរខ្វាយខ្វល់ពីជីវភាពរបស់កសិករខ្មែរក៏ដូចជាសុខភាពរបស់អតិថិជន។ ក្រុមហ៊ុនរបស់យើងដែលទើបតែទទួលបានពានរង្វាន់ ASEAN BUSINESS AWARD នៅទីក្រុងភ្នំពេញក្នុងខែនេះសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជំរុញលើកកម្ពស់សេដ្ឋកិច្ចវិលជុំ ដោយយកធ្វើជាគំរូសម្រាប់ការអភិវឌ្ឍន៍។ ផលិតផលរបស់យើងគឺជាលទ្ធផល និងជាវ៉ិចទ័រចង្អុលបង្ហាញពីកិច្ចសន្យានេះ។ ដូច្នេះអតិថិជនដែលទិញផលិតផលរបស់ក្រុមខនហ្វីរេលបានបង្ហាញថាពួកគេចូលចិត្តផលិតផលដែលមានគុណភាពផង និងជាពលរដ្ឋឆ្លាតវៃផង។ ដូច្នេះវេបសាយនេះនឹងជួយឲ្យអតិថិជនរកទិញផលិតផលរបស់យើងបានយ៉ាងងាយ និងតាមរយៈផលិតផលនេះដែរ វេបសាយរបស់យើងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃដែលក្រុមហ៊ុនខនហ្វីរេលបានខិតខំកសាងតាំងពីចាប់ផ្តើមបង្កើតក្រុមហ៊ុនដំបូងអស់ជាងម្ភៃឆ្នាំមកហើយ និងនៅតែបន្តឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជាដែលជាទឹកដីដ៏តូចមួយ និងដ៏គួរឲ្យចាប់អារម្មណ៍៕